ទំព័រដើម / សេវាសាធារណៈ / អាជ្ញាបណ្ណដឹកជញ្ជូន

នៅក្នុងប្រទេសកម្ពុជា ប្រសិនបើលោកអ្នកចង់ធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ការដឹកជញ្ជូនទំនិញ និងការដឹកជញ្ជូនអ្នកដំណើរតាមដងផ្លូវដោយស្របច្បាប់។ លោកអ្នកត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត យានយន្ត ឬ រ៉ឺម៉ក របស់លោកអ្នកទៅតាមនីតិវិធីច្បាប់ដែលបានកំណត់។ ចំពោះការដាក់ពាក្យស្នើសុំ លិខិត​អនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក លោកអ្នកអាចធ្វើការស្នើសុំលិខិតអនុញ្ញាត ដោយខ្លួន​ឯងបាន តាមរយៈប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​អាជីវកម្មដឹកជញ្ជូនផ្លូវគោក ដែលមានអាសយដ្ឋាន https://transportlicense.mpwt.gov.kh និងបង់ប្រាក់កម្រៃសេវាសាធារណៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ទៅដៃគូ​ណាមួយដែលធ្វើប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។

លក្ខខណ្ឌដែលអាចស្នើសុំលិខិតអនុញ្ញាតដោយខ្លួនឯងបាន លោកអ្នកត្រូវបង្កើតគណនីមួយ រួចបំពេ​ញ​ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានក្រុមហ៊ុន ព័ត៌មានប្រភេទអាជីវកម្ម ព្រមទាំងបញ្ចូលរូបភាពវិញ្ញាបនបត្រ ​ចុះ​បញ្ជី​ពាណិជ្ជកម្ម លក្ខន្តិកៈក្រុមហ៊ុន រួមជាមួយនឹងអត្តសញ្ញាបណ្ណ ឬសៀវភៅស្នាក់នៅ ឬសៀវភៅ គ្រួសារ​របស់ម្ចាស់អាជីវកម្ម។ បន្ទាប់មកធ្វើការបោះពុម្ភវិក្កយបត្រដើម្បីបង់ប្រាក់ ដែលលោកអ្នកអាចបង់ប្រាក់​ជាមួយ​បញ្ជរ វីង ឬស្មាតលុយ ឬលីហួរ ឬក៏តាមគណនីវីងផ្ទាល់ខ្លួនរបស់លោកអ្នក។ ក្រោយការអនុម័តលើ​ពាក្យស្នើសុំ អ្នកដាក់ពាក្យនឹងត្រូវបានជូនដំណឹងឱ្យយកសំណុំឯកសារដើម ភ្ជាប់ជាមួយនឹងពាក្យ ស្នើសុំ និងវិក្កយបត្របង់ប្រាក់ទៅទីតាំងផ្តល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បី​ផ្ទៀង​ផ្ទាត់ ថាពិតជាត្រឹមត្រូវដើម្បីប្តូរយកលិខិតអនុញ្ញាត៕