ក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវបានបង្កើតឡើងក្រោមច្បាប់ស្ដីពីការបង្កើតដោយព្រះរាជក្រម លេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និង ដឹកជញ្ជូន។
ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវបានឡាយព្រះហស្ថលេខាឱ្យប្រើប្រាស់ជាផ្លូវការ ក្រសួងសាធារណការ និងដឹកជញ្ជូនមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងលើវិស័យសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។
ក្រោយពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូនអស់រយៈពេល២២ឆ្នាំកន្លងមក វិស័យសាធារណការ និងដឹកជញ្ជូនបានប្រែមុខមាត់គួរឱ្យកត់សម្គាល់ ពោលគឺបានប្រែក្លាយពីប្រទេសដែលមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន់ថយ ទៅជាប្រទេសដែលមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើប ងាយស្រួល និងជាប់បានយូរ។ កត្តានេះជំរុញឱ្យមានការបង្កើន ពន្លឿន និងពង្រីកការដឹកជញ្ជូនផលិតផលនានារបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាទំនាក់ទំនងពាណិជ្ជកម្មជាមួយបរទេសបានដោយសុវត្ថិភាព ទាន់ពេលវេលា និងចំណាយតិច។ ជាក់ស្ដែង បច្ចុប្បន្ននេះ វិស័យសាធារណការមានការអភិវឌ្ឍ និងធ្វើទំនើបកម្មជាបន្តបន្ទាប់រួមមាន៖ ស្ពានធំ ចំនួន ១៦ ប្រវែងសរុប ១៣,៨០៥ គ.ម ផ្លូវបេតុង ប្រវែង ៣៩៧,០១ គ.ម ផ្លូវកៅស៊ូ AC ប្រវែង ១៩១១,៥៥ គ.ម ផ្លូវ DBST ប្រវែង ៧១៤៤,១០ គ.ម ផ្លូវ MCD ប្រវែង ២៥៦៥,៦១ គ.ម ផ្លូវគ្រួសក្រហម ប្រវែង១០១៦,៣១ គ.ម គិតត្រឹមចុងឆ្នាំ ២០១៧។
ចំណែកវិស័យដឹកជញ្ជូនវិញ ក្រសួងសាធារណការ និងដឹកជញ្ជូន បានគ្រប់គ្រង ដោះស្រាយ និងសម្រួលប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង ដូចជា៖ ការចុះបញ្ជីយានយន្ត ការផ្តល់បណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សំដៅធានាឱ្យមានសុវត្ថិភាពខ្ពស់ ក្នុងការធ្វើចរាចរណ៍ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លើសពីនេះទៀត បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនបានខិតប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ និងអភិវឌ្ឍខ្លួនឥតឈប់ឈរ ក្នុងគោលបំណងលើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះហើយក្រសួងបានដាក់ឱ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក រួមមាន៖ ការស្នើសុំចុះបញ្ជីយានយន្តតាមអនឡាញ ការដាក់ពាក្យប្រឡងយកបណ្ណបើកបរតាមអនឡាញ ការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមអនឡាញជាដើម។
មិនត្រឹមតែប៉ុណ្ណោះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានគិតគូរពីផលលំបាករបស់ប្រជាពលរដ្ឋ ដោយបានបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ ដូចជា៖ ការធ្វើប្រតិភូកម្មមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅតាមផ្សារទំនើបជាដើម ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ធ្វើបានឱ្យលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព។
ក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញមុខងារជាសេនាធិការឲ្យរាជរដ្ឋាភិបាលក្នុងបេសកកម្មដឹកនាំ គ្រប់គ្រងលើវិស័យសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី និងសមធម៌សង្គម។
ក្រសួងសាធារណការ និងដឹកជញ្ជូនមានមុខងារ និងភារកិច្ចដូចតទៅ៖