Home / About Us / Message From Minister
25-05-2024


សូមក្រាបថ្វាយបង្គំ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

សូមគោរពជូន សម្ដេច ឯកឧត្ដម លោកជំទាវ លោក-លោកស្រី និងបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់រាប់អាន!

ជាបឋម ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត សម្ដែងថ្វាយនូវអំណរព្រះមហាករុណាទិគុណ ប្រកបដោយបីតិសោមនស្សរីករាយដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រោសព្រះរាជទានតែងតាំងទូលព្រះបង្គំ ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់សេចក្ដីទុកចិត្តដល់រូបខ្ញុំបាទ ឱ្យកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងនាមជារដ្ឋមន្ត្រីបន្តវេនមួយរូប ខ្ញុំសូមប្តេជ្ញាយកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលបានរៀនសូត្រ និងចូលរួមអនុវត្តពីថ្នាក់ដឹកនាំជារៀមច្បង អស់រយៈពេលជាង ៧ឆ្នាំ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មកប្រើប្រាស់ឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយចិត្ត ដើម្បីបន្តអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានផ្ដោតលើគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍចំនួន ៥ចំណុច រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការក្រសួង នឹងខិតខំយកអស់កម្លាំងកាយចិត្ត និងសមត្ថភាព ចូលរួមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងនីតិកាលទី៧ ប្រកបដោយឆន្ទៈមោះមុត ភាពបុរេសកម្ម និងអន្តរសកម្ម ដើម្បីសហការគ្នាជាធ្លុងមួយសម្រចឱ្យបាននូវសមិទ្ធផលការងារថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ជូនរាជរដ្ឋាភិបាល និងជាប្រយោជន៍ដល់សាធារណជនជារួម។

ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Love To Share On